ជ្រើសរើសភាសា: Khmer Khmer English English
ទិវាជាតិបង្ការនិងពន្លត់អគ្គីភ័យ២២កុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅស្នងការដ្ឋាននគរបាលខេត្ត
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២១ ខែកុម្ភះ ឆ្នាំ ២០២៥

នៅព្រឹកថ្ងៃទី២១​ ខែកុម្ភៈ​ ឆ្នាំ២០២៥នេះ​ លោក គឹម សាមិត្ត អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានចូលរួមក្នុងពិធីទិវាជាតិបង្ការនិងពន្លត់អគ្គីភ័យ២២កុម្ភៈ​ឆ្នាំ២០២៥  ក្រោមអធិបតីភាពឯកឧត្តម ម៉ែន​កល្យាណ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត ​ស្ថិតនៅស្នងការដ្ឋាននគរបាលខេត្ត។

ឯកឧត្តមអភិបាលរងខេត្តមានប្រសាសន៍ថា​ ទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យដែលកំពុងប្រារព្ធធ្វើនាពេលនេះ គឺជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់បំផុត ដែលនឹងបង្ហាញជូនប្រជាពលរដ្ឋរបស់យើងនៅទូទាំងខេត្ត បានឃើញកាន់តែច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល បណ្តា ស្ថាប័នពាក់ព័ន្ធ កងកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គីភ័យ ក្នុងការបង្ការនូវមហន្តរាយដែល បង្កឡើងដោយអគ្គីភ័យ ការការពារ និងសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ការគិតគូរអំពីសុខុមាលភាព សន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេស ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។

ឯកឧត្តមបន្តថា​គ្រោះមហន្តរាយដែលបង្កឡើងដោយអគ្គីភ័យ មានឥទ្ធិពលខ្លាំងក្លា ណាស់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រោះថាទ្រព្យសម្បត្តិ សម្ភារ មាសប្រាក់ និង ផ្ទះសម្បែង អាចនឹងត្រូវបំផ្លាញត្រឹមតែមួយប៉ព្រិចភ្នែក ដោយសារករណីអគ្គីភ័យនេះ ប្រសិន បើយើងខ្វះការប្រុងប្រយ័ត្ន និងមិនមានវិធានការទប់ស្កាត់ឲ្យបានត្រឹមត្រូវ ។ ទន្ទឹមនេះ​ ដើម្បីចូលរួមកាត់ បន្ថយហានិភ័យ ដែលបង្កឡើងដោយគ្រោះអគ្គីភ័យ តាមរយៈយន្តការត្រៀមបង្ការ ផ្សព្វផ្សាយ ត្រៀមរៀបចំឆ្លើយតប និងសង្គ្រោះបន្ទាន់ បានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយទិវានេះ នឹងក្លាយទៅជាកម្លាំងចលករដ៏មានសារៈសំខាន់ ក្នុងការចូលរួមបំផុសស្មារតី និងក្រើនរំលឹកដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋ និងគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ ឲ្យចូលរួមកាន់តែខ្លាំងក្លា និងសកម្មថែមទៀតក្នុងការអភិវឌ្ឍប្រព័ន្ធ សុវត្ថិភាពសង្គម និងការគ្រប់គ្រងគ្រោះមហន្តរាយដែលបង្កឡើងដោយអគ្គីភ័យនេះ។

ឯកឧត្តមអភិបាលរងបានធ្វើការផ្ដាំផ្ញើដល់អង្គភាពពាក់ព័ន្ធនូវកិច្ចការសំខាន់ៗមួយចំនួន ដូចខាងក្រោម ៖

១.ត្រូវរៀបចំផែនការសកម្មភាពចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងវិធីសាស្រ្តបង្ការ និងពន្លត់អគ្គីភ័យ ជាពិសេសត្រូវចុះផ្សព្វផ្សាយអប់រំច្បាប់ស្ដីពីការបង្ការ និងពន្លត់អគ្គីភ័យនៅតាមសហគមន៍ សាលារៀន គ្រឹះស្ថានសាធារណៈ គ្រឹះស្ថានឯកជន និងនៅតាមទីតាំងដែលមានអគារខ្ពស់ៗ ដូចជាក្រុងបាវិតជាដើម ។

២.ត្រូវចាត់តាំងឲ្យមានកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គីភ័យប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីធានាដល់ការឆ្លើយតបទៅនឹងតម្រូវការបានទាន់ពេលវេលា ។

៣.ត្រូវត្រៀមរថយន្ត ឧបករណ៍ និងសម្ភារ ដើម្បីធ្វើអន្តរាគមន៍ជួយសង្គ្រោះ និងពន្លត់អគ្គីភ័យ ដោយគ្រប់រថយន្តពន្លត់អគ្គីភ័យទាំងអស់ត្រូវមានប្រេងឥន្ធនៈក្នុងធុង និងមានទឹកក្នុងស៊ីទែនឡានឲ្យបានគ្រប់គ្រាន់ ។

៤.ត្រូវផ្សព្វផ្សាយជាសាធារណៈនូវលេខទូរស័ព្ទប្រចាំការ ដើម្បីសាធារណៈជនងាយស្រួលទំនាក់ទំនង នៅពេលមានករណីអគ្គីភ័យកើតឡើងជាយថាហេតុ ។

៥.ត្រូវរៀបចំហ្វឹកហាត់ និងបង្កើនជំនាញពន្លត់អគ្គីភ័យដល់ក្រុមការងារបង្ការ និងពន្លត់អគ្គីភ័យនៅនឹងកន្លែងឲ្យបានជាប់ជាប្រចាំ ដើម្បីលើកកម្ពស់សមត្ថភាពជំនាញ ។

៦.គ្រប់ស្ថាប័ន អង្គភាពរដ្ឋ រោងចក្រ កាស៊ីណូ អគារពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារ ក្លឹបកម្សាន្តនានា ជាពិសេសកន្លែងលក់ហ្គាស និងស្ថានីយ៍ប្រេងឥន្ធនៈ ត្រូវរៀបចំបំពាក់ឧបករណ៍បង្ការ និងពន្លត់អគ្គីភ័យ ដើម្បីម្ចាស់ការទប់ស្កាត់គ្រោះអគ្គីភ័យនានា ដែលអាចកើតឡើង ។

៧.នៅពេលទទួលបានព័ត៌មានអំពីគ្រោះថ្នាក់អគ្គីភ័យ ត្រូវអនុវត្តវិធានការពន្លត់ឲ្យបានលឿនរហ័ស ប្រកបដោយតម្លាភាពនិងការទទួលខុសត្រូវខ្ពស់ និងត្រូវយកចិត្តទុកដាក់ជួយអាយុជីវិត និងទ្រព្យសម្បត្តិរបស់ជនរងគ្រោះឲ្យអស់លទ្ធភាព ។

៨.មន្ត្រីជំនាញពន្លត់អគ្គីភ័យ មិនត្រូវយកតួនាទីភារកិច្ចទៅប្រព្រឹត្តអំពើអសកម្មនៅពេលចេញប្រតិបត្តិការពន្លត់អគ្គីភ័យឡើយ ។

៩.អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញត្រូវពិនិត្យមើលការសាងសង់សំណង់ទាំងឡាយ ណែនាំឲ្យមានរៀបចំរក្សាផ្លូវដើម្បីឲ្យរថយន្តពន្លត់អគ្គីភ័យអាចចេញចូលបាន ហើយករណីនេះ ខ្ញុំក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ រាល់ការសាងសង់ត្រូវគោរពច្បាប់ និងប្លង់ឲ្យបានត្រឹមត្រូវ។

១០.ទន្ទឹមនេះ ស្នើដល់កម្លាំងជំនាញរបស់យើង ត្រូវបង្កើនការយកចិត្តទុកដាក់ពិនិត្យ ដកពិសោធន៍ និងធ្វើការវាយតម្លៃ អំពីកត្តា និងមូលហេតុចម្បងដែលបណ្ដាលឲ្យមានករណីអគ្គីភ័យកើតឡើងច្រើន ដើម្បីដាក់ចេញនូវវិធានការពារ និងបង្ការទប់ស្កាត់ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ៕

ព័ត៌មានទាក់ទង